កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន
(ឧត្តរមានជ័យ)៖ បើទៅបីមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យកម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្តភាពគឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។
ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។
ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។
សូមបញ្ជាក់ដែរថា ស្ពានអូរជីកមានចម្ងាយរង្វង់៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ដែលជាសមរភូមិប្រយុទ្ធនាពេលបច្ចុប្បន្ន។ ការប្រើយន្តហោះមកទម្លាក់ផ្តាច់ស្ពានបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា គឺជាទង្វើប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងធ្ងន់ធ្ងរបំផុត៕




















No comments:
Post a Comment