ឈាមជ័រខ្មែរតែមួយ និងសាមគ្គីខ្មែរតែមួយ! យុវជនមួយក្រុមរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួននាំអំណោយជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនក្រសួងព័ត៌មាន សម្រាប់បែងចែកបន្តជូនវីរកងទ័ព និងជនភៀសសឹក
(ភ្នំពេញ)៖ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់! ក្រុមយុវជនមួយក្រុម បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ទិញសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ នាំមកប្រគល់ជូនក្រសួងព័ត៌មាន ដើម្បីបន្តនាំទៅប្រគល់ជូនដល់វីរកងទ័ពកំពុងច្បាំងតទល់នឹងការឈ្លានពានរបស់យោធាសៀម មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ព្រមទាំងបន្តចែកជូនដល់ជូនភៀសសឹកដែលកំពុងស្នាក់នៅជំរំភៀសសឹក។
សកម្មភាពមនុស្សធម៌របស់ក្រុមយុវជនខ្មែរមួយក្រុមនេះ បានធ្វើឡើងក្រោមស្មារតីឈាមជ័រខ្មែរតែមួយ និងស្មារតីសាមគ្គីជាតិ សមរភូមិក្រោយនៅឈរប្រកៀកស្មារជាមួយកងទ័ពជួរមុខ។
សម្រាប់សម្ភារៈ និងគ្រឿងឧបភោគ បរិភោគត្រូវបានក្រុមយុវជននាំយកទៅប្រគល់នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ ម្សិលមិញ ដោយមានការមកទទួលស្វាគមន៍ពីសំណាក់លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានថ្លែងអំណរគុណចំពោះក្រុមយុវជនដែលបានផ្តល់អំណោយដល់ក្រសួងព័ត៌មានសម្រាប់ចែកជូនដល់បងប្អូនភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។
អំណោយរបស់ក្រុមយុវជនដែលប្រគល់ដល់ក្រសួងព័ត៌មាន រួមមាន៖ អង្ករ ៥០០គីឡូក្រាម, ឆៃប៉ូវ ១០០គីឡូ, ខ្លឹមស ១០០គីឡូ, សៀងផ្អែម ១០០គីឡូ និងដំឡូង ១០០គីឡូ៕









No comments:
Post a Comment