(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី១៩ ខែធ្នូ បានប្រកាសបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ប្រឆាំងគោលដៅក្រុម ISIS ជាច្រើនកន្លែង នៅក្នុងប្រទេសស៉ីរី ដែលជាការសងសឹកសម្រាប់ការវាយប្រហារមកលើកងទ័ពអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ប្រតិបត្តិការខាងលើ បានកំណត់គោលដៅលើអ្នកប្រយុទ្ធ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសព្វាវុធរបស់ពួក ISIS ហើយវាមិនមែនជាការចាប់ផ្តើមនៃសង្រ្គាមនោះទេ ប៉ុន្តែជាការប្រកាសសងសឹក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា រដ្ឋាភិបាលស៉ីរីគាំទ្រពេញទំហឹងចំពោះប្រតិបត្តិការនេះ ហើយលោកបាននិយាយថា អាមេរិកកំពុងសងសឹកយ៉ាងចាស់ដៃប្រឆាំង ISIS។
បើតាមមន្រ្តីអាមេរិក ប្រតិបត្តិការវាយប្រហារ ត្រូវបានធ្វើឡើងលើគោលដៅច្រើនជាង៧០ នៅពាសពេញភាគកណ្តាលប្រទេសស៉ីរី ដោយកងយន្តហោះចម្បាំង F-15 និង A-10 រួមគ្នាជាមួយឧទ្ធម្ភាគចក្រប្រយុទ្ធ Apache និងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS។ ក្រសួងការបរទេសស៉ីរី បានចេញសេចក្តីថ្លែងការណ៍ថា ស៉ីរីបន្តប្តេជ្ញាយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងក្រុម ISIS និងធានាថា ISIS គ្មានកន្លែងជ្រកកោនសុវត្ថិភាពឡើយ នៅក្នុងទឹកដីស៉ីរី។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ទាហានអាមេរិក២នាក់ និងជនស៉ីវិលជាអ្នកបកប្រែម្នាក់ បានបាត់បង់ជីវិត នៅក្រុង Palmyra ភាគកណ្តាលប្រទេសស៉ីរី ក្រោមស្នាដៃជនសង្ស័យជាសមាជិក ISIS ដែលបានវាយប្រហារលើក្បួនល្បាតរបស់កងកម្លាំងអាមេរិកនិងស៉ីរី មុនជនរូបនោះត្រូវបានបាញ់សម្លាប់។ មិនតែប៉ុណ្ណោះ ទាហានអាមេរិក៣នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ សព្វថ្ងៃអាមេរិក មានកងទ័ពប្រហែល១០០០នាក់ បន្តឈរជើងនៅស៉ីរី៕




No comments:
Post a Comment